អ្នកជំនាញ​ប្រាប់​ពី​គន្លឹះ​នៃ​ការ​វិនិយោគ​វិស័យ​ដីធ្លី​ដើម្បី​ចំណេញ

14 កក្កដា 2018 ម៉ោង 09:28

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ជា​ច្រើន​បាន​បង្ហាញ​ជា​បន្តបន្ទាប់ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​មានការ​បំពុល​ព័ត៌មាន​ច្រើន​ពី​អ្នក​វិនិយោគ​មួយ​ចំនួន ដើម្បី​លក់​គម្រោង​របស់​ពួក​គេ​ឆាប់​ដាច់ ។ ប្រសិនបើ​អ្នកទិញ​មិន​បាន​ពិចារណា និង​គិតគូរ​ឲ្យ​បាន​ដិត​ដល់​ទេ អាច​នឹង​ជួប​បញ្ហា​នៅ​ថ្ងៃក្រោយ ។

អ្នកវិភាគ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​សង្គម លោក ង៉ែត ជូ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ទី​១ មិថុនា ថា បច្ចុប្បន្ន​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​មានការ​បំពុល​ព័ត៌មាន​ច្រើន​​ទាក់ទង​នឹង​ការ​បង្ហាញ ឬ​លើក​ឡើង​ពី​គម្រោង​អភិវឌ្ឍន៍​នានា​តាម​រយៈ​អ្នក​វិនិ​យោគ​​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​នេះ​ដើម្បី​ទាក់ទាញ​អតិថិជន ប្រយោជន៍​គឺ​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​លក់​គម្រោង​ឆាប់​ដាច់ ។

លោក​បន្ត​ថា ៖« ជាក់ស្តែង​យើង​ឃើញ​គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​ក្នុង​ខេត្តកណ្តាល​ជា​ឧទាហរណ៍​ស្រាប់ ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​សាងសង់ ហើយ​មាន​អ្នកខ្លះ​បាន​ប្រើប្រាស់​លុយ​ធនាគារ​ទៅ​ទិញ ដើម្បី​លក់​យកចំណេញ ប៉ុន្តែ​បច្ចុប្បន្ន​គម្រោង​នោះ​បាន​ស្ងប់ស្ងាត់ ហើយ​សកម្មភាព​នៃ​ការ​ទិញ​លក់​ដីធ្លី​ក៏​ស្ងប់ស្ងាត់​ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មួយ​ចំនួន​ប្រឈម​មុខ​នឹង​ហា​និភ័យ »​។

លោក​បន្ត​ថា ៖« ហេតុនេះ មុន​នឹង​សម្រេចចិត្ត​វិនិយោគ ខ្ញុំ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមូល​ព័ត៌​មាន​ឲ្យ​បាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន មុន​នឹង​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ »​។

លោក​បន្ត​ថា ៖« នៅ​ពេល​យើង​មិនសូវ​ស្វែង​យល់​សិក្សា​រៀនសូត្រ និង​តាមដាន​ព័ត៌មាន​ជាក់លាក់​ទេ នឹង​ធ្វើ​ឲ្យ​ការ​វិនិយោគ​របស់​យើង​មាន​ហានិភ័យ​ខ្ពស់ »​។

លោក ង៉ែត ជូ បាន​បន្ត​ថា ការ​សិក្សា​រៀនសូត្រ និង​ប្រមូល​ព័ត៌មាន​បាន​ត្រឹមត្រូវ ជា​មូល​ដ្ឋាន​ដ៏​សំខាន់​សម្រាប់​ធ្វើការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ និង​អាច​កាត់​បន្ថយ ឬ​បញ្ចៀស​បាន​នូវ​ហានិភ័យ ជា​ជាង​យើង​វិនិយោគ​បែប​ប្រថុយប្រថាន ព្រោះ​ការ​វិនិយោគ​ពឹង​លើ​ព្រេងសំណាង មិនមែន​ជា​ជម្រើស​របស់​អ្នក​វិនិយោគ​ឆ្លាត​វៃ​នោះ​ឡើយ »​។

ជាមួយ​គ្នា​នេះ លោក ង៉ែត ជូ ក៏​បាន​ព្រមាន​ផង​ដែរ​ថា ការ​វិនិយោគ​អចលនទ្រព្យ​ក៏​មិន​ជោគជ័យ​ដែរ ប្រសិនជា​ការ​អនុវត្ត​តាម​វិធីសាស្ត្រ​ទាំងនេះ ហេតុនេះ​ពួក​គេ​ត្រូវ​តែ​ដឹង​ពី​ចំណុច​ទាំង​៥​ដូច​ខាងក្រោម ៖

១- មិន​បានដឹង​ថា ដីធ្លី​ជា​ទ្រព្យសកម្ម​រយៈពេល​វែង (Long Term Asset) ហើយ​យល់​ថា​ទិញ​១​រយៈពេល​ខ្លី រួច​លក់​យកចំណេញ​។ លោក​ថា តាម​ពិត ទ្រព្យសកម្ម​រយៈពេល​វែង មិន​អាច​(​ឬ​ពិបាក​) លក់​យក​ជា​សាច់ប្រាក់​ក្នុង​រយៈពេល​ខ្លី​(​តិច​ជាង​១​ឆ្នាំ​)​ណាស់ ។

២- វិនិយោគ​នៅ​ពេល​ទីផ្សារ​ពុះ​កញ្ជោ​ល​ខ្លាំង ចេះ​តែ​តាម​គេ​តាម​ឯង គ្មាន​គោលដៅ​ច្បាស់លាស់ ។ ការ​វិនិយោគ​បែប​ហ្នឹង ងាយ​នឹង​បរាជ័យ​ណាស់ ។ សំរាប់​ខ្ញុំ ខ្ញុំ​ចូល​ចិត្ត​ស្ទូចត្រី​នៅ​កន្លែង​ដែល​គ្មាន​អ្នក​ស្ទូច ។

៣- ទៅ​សំកុក​ចាំ​យូរ​ពេក ៖ កុំ​ដាំ​ដើម​ត្នោត​យក​ផ្លែ គួរ​ទិញ​ដើម​ត្នោត​ដែល​ជិត​ផ្លែ ទើប​ងាយ​បាន​ផល ។ កុំ​វិនិយោគ​ឆ្ងាយ​ពេក នាំ​កប់​យូរ ។ ត្រឹម​៣០-៤០​គម​ពី​ក្រុង​ជា​ការ​ល្អ ។

៤- ក្តាប់​ព័ត៌មាន​មិន​ជុំ ដោយ​ខ្វះ​បណ្តាញ​ទំនាក់ទំនង ៖ ដោយសារ​ដីធ្លី​ជា​ទ្រព្យសកម្ម​រយៈពេល​វែង មិន​ងាយ​លក់ ការ​ក្តាប់​បាន​ព័ត៌មាន​គឺ​សំខាន់​ណាស់ ។

៥- មិន​យល់​ពី​សក្តានុពល​របស់​ដី និង​តម្រូវការ អាច​សម​នឹង​យក​ទៅ​អភិវឌ្ឍ​ជា​អ្វី? អ្នក​ណា​ជា​អ្នក​នឹង​ទិញ​បន្ដ ហើយ​គេ​មាន​លទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ​បែប​ណា ៕

 

ប្រភពពី៖ កោះសន្តិភាព

មតិយោបល