ចៅក្រម​ស៊ើបសួរ​ កោះ​ហៅ​មេ​ចលនា ​សង្គ្រោះ​ជាតិ​ សម​ រង្ស៊ី​ ចូល​បំភ្លឺ​ថ្ងៃ​១៣សីហារឿង​ក្តី​ប៉ុនប៉ង​កាត់​ទឹកដី​ឱ្យ​វៀតណាម​

ថ្ងៃនេះ ម៉ោង 09:41

ភ្នំពេញ ​៖ ចៅក្រម​ស៊ើបសួរ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក រស់ ពិសិដ្ឋ ចេញដីកាមួយ ទៀត បង្គាប់ឱ្យ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ចូលខ្លួនឆ្លើយបំភ្លឺ នៅសាលាដំបូង ភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨​ ខាងមុខនេះ ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ ដែល​ប៉ុនប៉ងកាត់ទឹកដីកម្ពុជាឱ្យទៅជនជាតិដទៃ។

ដីកា​ទើប​ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដា នេះ​ បង្ហាញ​ថា ការចូលបំភ្លឺខាងមុខនេះ គឺដើម្បីឆ្លើយតបនឹងការចោទប្រកាន់ពីបទ "ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេ​នូវដែនដីជាតិមួយ ផ្នែក"ប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសកម្មជន របស់ខ្លួនទម្លាយអំពីអំពើក្បត់ជាតិដោយភ្ជាប់វីដេអូ របស់លោកចុះកិច្ចព្រមព្រៀងជាសម្ងាត់ជាមួយមេដឹកនាំជនជាតវៀតណាមម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ ដើម្បីប្រគល់ឱ្យជនជាតិភាគតិច វៀតណាមទាំងនោះ គ្រប់គ្រងខេត្តចំនួន៤ ដោយស្វ័យប្រវត្តិបើសិនជាគណបក្ស សង្រ្គោះជាតិឈ្នះឆ្នោត នៅឆ្នាំ២០១៣។

ខេត្តកម្ពុជាចំនួន៤ ដែលលោកសម រង្ស៊ី ប៉ុនប៉ងកាត់ទៅឱ្យជនជាតិភាគតិចវៀតណាមនេះ រួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ជាដើម។

ពាក់ព័ន្ធករណីនេះ តំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ហើយអះអាងបន្ត អំពីនីតិវិធី បន្ទាប់ពីទណ្ឌិតរូបនេះ មិនចូលខ្លួនផងដែរ៕

ប្រភពពី ដើមអម្ពិល

មតិយោបល