បុរសម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្ត បុកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ថ្ងៃនេះ ម៉ោង 09:55

ភ្នំពេញ៖រថយន្តដឹកកុងតឺន័របើកបរ ក្នុងល្បឿនលឿន បុកបុរសម្នាក់កំពុងដើរឆ្លងផ្លូវបណ្ដាល ឱ្យស្លាប់យ៉ាង អាណោចអាធ័ម កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

សពឈ្មោះ ហ៊ុន ស្រស់  អាយុ៣៩ឆ្នាំ មុខរបរ ធ្វើសន្តិសុខ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅភូមិឃ្នួង ឃុំខ្នារឃ្នួង ស្រុករំដួល ខេត្តស្វាយរៀង ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះដើរតាមផ្លូវម្នាក់ឯង ក៏បានដើរឆ្លងផ្លូវ ដោយមិនបានប្រុងប្រយ័ត្ន ហើយណាមួយផ្លូវមានសភាពងងឹងខ្លាំងផង ស្រាប់តែមានរថយន្ដកុងតឺន័រ (តែមិនចាំស្លាក លេខទេ) ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ទៅបុកចំជនរងគ្រោះ ខ្ទាតផ្លោងបោកទៅលើថ្នល់បែកក្បាលស្លាប់ ក្នុងថ្លុកឈាមនៅកន្លែង កើតហេតុតែម្ដង។ ក្រោយពីបង្កហេតុភ្លាម រថយន្ដបង្កបាន បន្ថែមល្បឿន បើកគេចខ្លួនចេញពីកន្លែង កើតហេតុបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែង កើតហេតុ ទាក់ទងទៅសាច់ញាតិរបស់ជន រងគ្រោះ តាមរយៈទូរសព្ទ ដែលនៅនឹងខ្លួនរបស់ជនរងគ្រោះ ហើយធ្វើកំណត់ ហេតុប្រគល់សពអោយសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕

ប្រភពពី ដើមអម្ពិល

មតិយោបល