ក្រសួងទេសចរណ៍ រំពឹងទទួលកំណើន សម្រាប់បំរើការងារ ផ្នែកបដិសណ្ឋារកិច្ច

11 កក្កដា 2018 ម៉ោង 13:49

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ បានសម្តែងក្តីរំពឹងថា នឹងមានកំណើនអ្នកបំរើការងារ ផ្នែកបដិសណ្ឋារកិច្ចកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកកម្ពុជាឲ្យកាន់ តែច្រើនឡើងថែមទៀត ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ដល់អ្នកកំពុងបំរើការងារ បដិសណ្ឋារកិច្ច តុការ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្នុងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដល់សិក្ខាកាមចំនួន ១៣០០នាក់ នាព្រឹកថ្ងៃទី១១ កក្កដា លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេចរណ៍ បានលើកឡើងថា វិស័យបដិសណ្ឋារកិច្ចកំពុងតែ មានភាពរីកចំរើនយ៉ាងខ្លាំង ។ 

លោកបន្តថា កម្ពុជាមិនដែលមានការបណ្តុះបណ្តាល វិស័យបដិសណ្ឋាកិច្ចសម្រាប់ បំរើការងារសេវា នៅតាមភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់  លើម្ហូបអាហារ ជាដើម កាលពីមុខមកទេ ។ ការផ្តល់សេវាដល់ភ្ញៀវគឺមានតួនាទីសំខាន់ ព្រោះកាលណា ផ្តល់សេវាល្អ ធ្វើឲ្យភ្ញៀវចូលចិត្ត និងមកលើកក្រោយទៀត ដូច្នេះម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ត្រូវតែសិក្សាយល់ដឹង ពីការធ្វើបដិសណ្ឋារកិច្ច ការផ្តល់សេវាអាហារទៅដល់ភ្ញៀវ។

លោកថា “ជាមួយគ្នានោះដែរ ក៏ដាស់ស្មារតីដល់បំរើ ការងារផ្នែកបដិសណ្ឋារកិច្ច ម្ហូបអាហារ សេវាកម្ម ថា បើសេវាមិនល្អ ទោះបីជាភោជនីយដ្ឋាន មានម្ហូបឆ្ងាញ់ស្អាត កម្រិតណាក៏គេមិនចូលដែរ ។ ប្រសិនបើបុគ្គលិកមិនមានសុជីវធម៌  បុគ្គលិកមិនមានជំនាញ រត់តុ ដាក់ម្ហូបអាហារស្រង៉េងស្រង៉ាង  គ្មានសណ្តាប់ធ្នាប់នោះ ភ្ញៀវមិនចូលទេ” ។

ក្នុងឱការនោះដែរ លោក ឡី សុភាព នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា បានលើកឡើងថា សិក្ខាកាម១៣០០នាក់ ដែលបានសិក្សាបញ្ចប់ ក្នុងវគ្គបណ្តុះបណ្តាលផ្នែក បដិសណ្ឋារកិច្ចនេះ ដើម្បីចូលរួមក្នុងវិស័យទេសចរណ៍ ។

លោកបន្តថា ការបើកវគ្គបណ្តុះបណ្តាលនេះ ស្របតាមផែនការអភិវឌ្ឍវិស័យទេចរណ៍ ឆ្នាំ២០១៧-២០២៥ របស់ក្រសួងទេចរណ៍ សំដៅដល់ពង្រឹង គុណភាពអ្នកទេសចរណ៍ ទាំងគុណភាព ចំណេះដឹង និងចំណេះធ្វើឲ្យកាន់តែប្រសើរ នៅតាមមូលដ្ឋានអាហារដ្ឋាន និងភោជនីយដ្ឋាននានា ។
  
សូមបញ្ជាក់ថា ឆ្នាំ២០១៧ កម្ពុជាទទួលបាន ភ្ញៀវទេសចរណ៍ចំនួន ៥លាន៦សែននាក់ ស្មើ១១,៨% នឹងទទួលថវិកាចូលជាតិចំនួន ៣៦៣៨លានដុល្លារ ៕

ប្រភពពី ដើមអម្ពិល

 

មតិយោបល